កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាកមុខសញ្ញាចោរកាច់កម៉ូតូពលរដ្ឋ នៅខណ្ឌមានជ័យ

CPN News
បញ្ចូលដោយ -
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖០០នាទីទាបភ្លឺ មានជនសង្ស័យចំនួន ០៣នាក់ បានចូលធ្វើសកម្មភាពលួចម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-5560 ដែលកំពុងចតទុកនៅមុខបន្ទប់ជួលបានសម្រេច ដែលស្ថិតនៅបន្ទប់ជួល ផ្លូវលេខ១៦BT សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖០០នាទីទាបភ្លឺ មានជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក Honda Zoomer-X ​ពណ៌ខ្មៅ ដែលកំពុងចតនៅមុខហាងម៉ាស្សា ១១៩ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស្រាវជ្រាវតាមជំនាញ រហូតកំណត់បានអត្តសញ្ញាណ របស់ជនសង្ស័យខាងលើ ។

រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖០០នាទីទាបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចផ្លូវទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង ០២នាក់ខាងលើ ​រួមមាន៖ ១.ឈ្មោះ ប៊ុន ណារ័ត្ន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងទី២.ឈ្មោះ អេង ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្ភារដកហូត រួមមាន៖ ម៉ូតូម៉ាក បាចា ភូលសា (BAJAJ PULSAR) ពណ៌ស-ខ្មៅ គ្មានស្លាកលេខ សោរទីបលេខ៨ និងដែកសំប៉ែតមុខស្រួច (សម្រាប់កាច់បំបែកសោរម៉ូតូ) ។

បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕