ករណីយន្តហោះក្រឡាប់ពេលចុះចតនៅអាកាសយានដ្ឋានកាណាដា បណ្ដាលឱ្យមនុស្សជាច្រើននាក់របួស

CPN News
បញ្ចូលដោយ -
(បរទេស) ៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះក្នុងតំបន់មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ឌែលតា អ៊ែរឡាញស៍ (Delta Air Lines) បានក្រឡាប់នៅពេលចុះចតនៅអាកាសយានដ្ឋាន តូរ៉ុនតូ ភៀសុន (Toronto Pearson) របស់ប្រទេសកាណាដា កាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) ស្របពេលអាកាសធាតុមានខ្យល់បក់បោកខ្លាំងបន្ទាប់ពីព្យុះព្រិល ដែលបានធ្វើឱ្យមនុស្សយ៉ាងតិច ១៨នាក់បានរងរបួស ក្នុងចំណោមមនុស្សសរុប ៨០នាក់ នៅលើយន្តហោះ។

អាជ្ញាធរបានបន្ថែមថា មនុស្ស ៣នាក់នៅលើជើងហោះហើរ ដែលមកពីអាកាសយានដ្ឋានអន្តរជាតិ មីនីអាប៉ូលីស-សេន ផល (Minneapolis-St. Paul) របស់សហរដ្ឋអាមេរិកនោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានកុមារម្នាក់។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta បាននិយាយថា យន្តហោះប្រភេទ CRJ900 ដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ អែនដេវើ អ៊ែរ (Endeavor Air) របស់ខ្លួនបានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុយន្តហោះនេះតែឯកឯងប៉ុណ្ណោះ ជាមួយអ្នកដំណើរ ៧៦នាក់ និងបុគ្គលិក ៤នាក់នៅលើនោះ។

អាជ្ញាធរកាណាដា និយាយថាពួកគេនឹងស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ ដែលមិនទាន់ដឹងនៅឡើយ។ អាកាសយានដ្ឋាន Pearson បាននិយាយនៅមុននោះបន្តិចថា ខ្លួនកំពុងដោះស្រាយជាមួយនឹងខ្យល់បក់ខ្លាំង និងសីតុណ្ហភាពត្រជាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍នានាព្យាយាមពន្លឿនជើងហោះហើរដែលខកខាន បន្ទាប់ពីព្យុះព្រិលកាលពីចុងសប្តាហ៍បានធ្វើឱ្យព្រិលជាង ២២សង់ទីម៉ែត្រ គ្របដណ្ដប់អាកាសយានដ្ឋាន៕





ពាក្យគន្លឹះ: