ខេត្តស្វាយរៀង ៖ តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំមេសថ្ងក ស្រុកចន្ទ្រា បានរាយការណ៍ អោយដឹងថា ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ បាននឹងកំពុងបើកលេងស្ទើរជារៀងរាល់ថ្ងៃ ទទួលភ្ញៀវអ្នកញៀនល្បែង មកពីគ្រប់ទិសទី ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ ។ ទីតាំងល្បែងនោះ មានទីតាំងស្ថិតនៅក្នុងនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង ក្រោយ សាលាស្រុកចន្ទ្រា ដែលមហាជនលើកជាចម្ងល់ថា លោកអភិបាលស្រុក និងលោកអធិការស្រុកក៏ទំនងជាទទួលជ្រាបទីតាំងខាងលើនេះដែរ ហេតុដូចម្តេចទើបមិនចុះបង្ក្រាប ?
លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានប្រាប់អង្គភាពសារព័ត៌មាន ឲ្យដឹងថា ចំពោះល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនេះ លោកបានរាយការណ៍ទៅគណៈបញ្ជាការឯកភាពស្រុកហើយ ព្រោះគេមានគណៈកម្មការចុះទៅ ។
ដោយឡែក ប្រភពបានឲ្យដឹងថាចំពោះទីតាំងជល់មាន់មួយកន្លែងនេះមិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចណាចុះមកបង្ក្រាបនោះឡើយបានបើកលេងជាយូរណាស់មកហើយ ។
សូមរម្លឹកផងដែរថា កន្លងទៅថ្មីនេះមានការរឹតបន្តឹង និងមានការណែនាំពី សម្ដេច បវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្ក្រាបពាក់ព័ន្ធករណីល្បែងស៊ីសង ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងស្ថិតក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា បានបើកដំណើរការលេងយ៉ាងរលួនទៅវិញ ផ្ទុយពីរគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងឃុំ លោកអភិបាល ស្រុក និងលោកលោកអធិការស្រុកចន្ទ្រានិងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសាម៉ីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕