នាយករដ្ឋមន្ត្រីថៃ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

CPN News
បញ្ចូលដោយ -

(ភ្នំពេញ) ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។


បន្ទាប់មក នៅរសៀលដដែលនេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ និងស្វាមី បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរតនកោដ្ឋ។


​សូមជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ ធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរកម្ពុជា-ថៃ។ ម្យ៉ាងវិញទៀតទស្សនកិច្ចនេះក៏កើតមានឡើងស្របពេលដែលប្រទេសទាំងពីរ កម្ពុជា-ថៃ ប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតផងដែរ។


​កម្ពុជា និងថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយក្នុងឆ្នាំ២០២៥នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ៕