(កណ្ដាល) ៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មនៅក្រុងអរិយក្សត្រ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ បញ្ជូនទៅពន្ធនាគារខេត្តកណ្ដាល ។
លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញអាវុធខេត្តកណ្តាល និងអាវុធហត្ថក្រុងអរិយក្សត្រ បានសហការជាមួយអាវុធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ (ស្រីម្នាក់) នៅគោលដៅពីរផ្សេងគ្នា ។
គោលដៅឃាត់ខ្លួនទី១ ចាប់ខ្លួនជនត្រូវចោទឈ្មោះ ភក្តី ភេទស្រី អាយុ ២០ឆ្នាំ នៅចំណុចសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២ ចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខប៊ី អាយុ ២២ឆ្នាំ នៅចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងពីរ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចដីស្រែប្រាំងក្រពើខ្លោច ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
បច្ចុប្បន្ន កម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល កំពុង បន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសពាក់ព័ន្ធផ្សេងទៀត ដែលជាមេខ្លោងក្នុងអំពើឃាតកម្ម ជួញដូរគ្រឿងញៀន និងធ្វើទារុណកម្មអំពើឃោរឃៅ និងផ្តើមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន៕
កម្លាំងអាវុធហត្ថខេត្តកណ្ដាល ចាប់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅក្រុងអរិយក្សត្រ, តុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
បញ្ចូលដោយ -
2/21/2025
ពាក្យគន្លឹះ: