ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនក្លែងក្លាយ ដើរធ្វើសកម្មភាពបន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីលួចយកម៉ូតូ

CPN News
បញ្ចូលដោយ -
(សៀមរាប) ៖ ដោយបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨៖០០នាទី ជនរងគ្រោះឈ្មោះ រ៉េត រី ភេទ ប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានជិះម៉ូតូចំនួន ១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AK-6633 ទៅមើលលបដាក់ត្រី នៅត្រង់ចំណុចទំនប់បឹងផ្ដៅ ស្ថិតក្នុងភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លុះដល់វេលាម៉ោង ១១៖០០នាទីថ្ងៃត្រង់ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចថា មានករណីអំពើលួច (លួចម៉ូតូ) ។

បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ដោយចាត់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៣៖០០នាទី ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ មកធ្វើការសួរនាំ៖
១.ឈ្មោះ រឿម គង់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
២.ឈ្មោះ ពុត កុសន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង ២នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។ ហើយបានឆ្លើយសារភាពបន្ថែមទៀតថា ពួកខ្លួនបានធ្វើសកម្មភាពលួចជាច្រើនលើកក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ ជិះរកមើលម៉ូតូណាដែលទុកប្រហែស ពុំមានចាក់សោសុវត្ថិភាព ពួកខ្លួនធ្វើសកម្មភាពលួច នៅពេលដែលប្រជាពលរដ្ឋឃើញ ពួកខ្លួនបានយកកាត់សម្គាល់ខ្លួនមកបង្ហាញ និងអះអាងថា ជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ និងមានឱកាសនាំគ្នាជិះម៉ូតូគេចខ្លួនតែម្ដង ។

វត្តុតាងដែលសមត្ថកិច្ចធ្វើការដកហូតពីជនសង្ស័យរួមមាន៖ ម៉ូតូម៉ាក Honda Dream សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AK-6633 (របស់ជនរងគ្រោះ) និងម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០១៦ ពាក់ផ្លាកលេខ សៀមរាប 1B-6853 លេខតួលេខម៉ាស៊ីន (ត្រូវបានឈូសលុបរបស់ជនល្មើសជិះសម្រាប់ធ្វើសកម្មភាព), កូនសោរ ចំនួន៣, ដង្កាប់ចំនួន៤, ម៉ាលេតចំនួន១, ខ្សែលួសមួយចំនួន (ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស) ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ។

ក្នុងនាម ស្នងការនគរបាលខេត្តសៀមរាប សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្ន កុំធ្វេសប្រហែសទុកម៉ូតូចោលនៅតាមទីវាល ដោយពុំបានចាក់សោសុវត្ថិភាព និងជាពិសេសកុំចាញ់បោកមុខសញ្ញា ដែលក្លែងខ្លួនជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការដូចករណីខាងលើនេះ ៕